ប្រវត្តិ

ក្រសួងធនធានទឹក និងឧតុនិយម បានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ក្នុងអាណត្តិទី ២ នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

ស្ថានីយរ៉ាដាតេជោសែន

នៅក្នុងខែ ឧសភា ឆ្នាំ២០១០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចនៅក្នុងការរៀបចំទំនើបកម្ម វិស័យឧតុនិយមនៅកម្ពុជា ក្នុងគោល បំណងធ្វើឲ្យប្រសើរឡើងនូវការព្យាករណ៍ និងផ្តល់ព័ត៌មានអាកាសធាតុតាមរយៈការប្រើប្រាស់គ្រឿងបរិក្ខាទំនើប។

ការសម្រេចចិត្ត ត្រូវបានទទួលយកក្នុងការដាក់ឲ្យប្រើប្រាស់នូវរ៉ាដាធាតុអាកាស ដែលចំណាយថវិការដោយ រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចសន្យានៃគម្រោងត្រូវបានចុះហត្ថលេខា នាថ្ងៃទី ២១មករា ឆ្នាំ២០១១ នៅរាជធានី ភ្នំពេញ រវាងក្រសួងធនធានទឹក និងឧតុនិយម និងឧតុនិយម អន្តរជាតិបារាំង (MFI)។ ជាមួយគ្នានេះមានការ បណ្តុះបណ្តាល ស្តីពីដំណើរការការថែទាំរ៉ាដា ការវិភាគ និងដំណើរការព្យាករណ៍អាកាសធាតុ ដោយឧតុនិយម អន្តរជាតិបារាំង (MFI)។

ស្ថានីយរ៉ាដាតេជោសែន មានទីតាំងនៅរាជធានីភ្នំពេញដែលបានចាប់ផ្តើម សាងសង់ នៅថ្ងៃទី ២០ មីនា ឆ្នាំ ២០១១ និងបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១២ ។ អាគាររ៉ាដាមានកំពស់ ៥០.៦០ម៉ែត្រ និងកំពស់សរុប ៦០.៦០ម៉ែត្រ ដែលរួមបញ្ចូលទាំងរបាំងការពារបាល់រ៉ាដា និង រ៉ាដាមានអង្កត់ផ្ចិត ២៤.៤៨ម៉ែត្រ ។ ស្ថានីយរ៉ាដាតេជោសែនមានចំនួន ១៣ជាន់ ដោយក្នុងនោះមាន៥ជាន់ ជាការិយាល័យសម្រាប់បំពេញការងារជាមួយ និង មជ្ឈមណ្ឌលព្យាករណ៍ធាតុអាកាស ។ ស្ថានីយរ៉ាដាតេជោសែនដំណើរការចាប់តាំងពីថ្ងៃទី ៤ មេសា ឆ្នាំ២០១២។